ជា​ទូទៅ​ស្រ្តី​ភាគ​ច្រើន​តែង​ជួប​អាការៈ​ឈឺ​ចុក​ពោះ​ អស់​កម្លាំង​ល្ហិត​ល្ហៃ​ រមួល​ក្រពើ​ ឈឺ​ក្បាល​ បញ្ហា​ក្នុង​ការ​រំលាយអាហារ​​ និង​មាន​អារម្មណ៍​​​មួម៉ៅ​ក្នុង​ពេល​មុន​ និង​ពេល​កំពុង​មក​រដូវ​។​

វិធី​ដ៏​ល្អ​ដើម្បី​ជៀស​វាង​ ឬ​បង្ការ​នូវ​អាការៈ​មិន​ល្អ​ទាំង​នេះ​គេហ​ទំព័រ​ www.livestrong.com​ បាន​ណែនាំ​ឲ្យ​បង​ប្អូន​ស្រ្តី​ទាំង​ឡាយ​ជ្រើស​រើស​ញ៉ាំ​នូវ​ប្រភេទ​អាហារ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖​

១.​សណ្តែកៈ​ សណ្ដែក​ជា​អាហារ​ដែល​មាន​ធាតុ​សរសៃ​ខ្ពស់​ ដែល​អាច​ជួយ​កាត់​បន្ថយ​នូវ​អាការៈ​រមួល​ក្រពើ​ដោយ​សារ​ឈាម​កក​ និង​អាការៈ​អស់​កម្លាំង​ល្ហិត​ល្ហៃ។​ វា​ក៏​ជួយ​រំលាយ​អាហារ​ធ្វើ​ឲ្យ​ការ​បន្ទោរ​បង់​លាមក​ស្រួល​ និង​មិន​ធ្វើ​ឲ្យ​រាគ​រូស​ ហើយ​ក៏​វា​សម្បូរ​វីតាមីន​B​ ផង​ដែរ​ នេះ​បើ​តាម​ប្រសាសន៍​​Dr.Susan Lark​នាយក​នៃ​មជ្ឈមណ្ឌល​ជួយ​ខ្លួន​ឯង​(PMS Self-Help Center) ​នៅ​រដ្ឋ​កាលីហ្វ័ញ៉ា​សហរដ្ឋ​អាមេរិក​បាន​អះអាង។


២.​បន្លែ​បៃតងៈ​ ក្នុង​បន្លែ​បៃតង​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​ ម៉ាញ៉េស្យូម​ និង​ប៉ូតាស្យូម​ ដែល​ជួយ​កាត់​បន្ថយ​ដល់​ការ​ឈឺ​កន្ត្រាក់​រមួល​ក្រពើ​ ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​ពី​ការ​មួម៉ៅ​ និង​ទប់​កុំ​ឲ្យ​ឈាម​មក​ច្រើន​ពេក។​

៣.​ផ្លែ​ម្នាស់ៈ​ បើ​តាម​របាយ​ការណ៍​របស់​ Dr.Phyllis Johnson​ នៃ​មជ្ឈ​មណ្ឌល​អាហារូបត្ថម្ភ​របស់​ក្រសួង​កសិកម្ម​អាមេរិក​ បាន​បង្ហាញ​ថា​ ស្រ្តី​ដែល​ខ្វះ​ម៉ង់ហ្គាណែស​(ធាតុ​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ច្រើន​បំផុត)​ មាន​ការ​កើន​ឈាម​រដូវ​រហូត​ដល់​៥០%។​ ដូច្នេះ​ ស្រ្តី​មុន​មក​រដូវ​គួរ​ញ៉ាំ​ម្នាស់​ដើម្បី​ជួយ​ឲ្យ​សាច់ដុំ​សម្រាក​ និង​ទប់​ស្កាត់​ការ​រមួល​ក្រពើ។​

៤.​ទឹក​តែ​ខ្ញីៈ​ ទឹក​តែ​ខ្ញី​ក៏​ជា​ប្រភព​នៃ​ម៉ង់ហ្គាណែស​ដែរ​ ដែល​វា​ជួយ​បន្ធូរ​អាការៈ​ធីង​ធោង​ចង់​ក្អួត​ ចុក​ពោះ​ ឈឺ​សាច់​ដុំ​ អារម្មណ៍​តាន​តឹង​ ឆាប់​ភ័យ​ខ្លាច​ និង​មួម៉ៅ​ឆេវឆាវ​ នេះ​បើ​តាម​ Dr. Phyllis Johnson ​បញ្ជាក់​បន្ថែម។​

៥.​ទឹកៈ​ ស្រ្តី​មុន​ពេល​ និង​ក្នុង​កំឡុង​ពេល​មក​រដូវ​ គួរតែ​ពិសា​ទឹក​ (ទឹក​ស្អាត)​ ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​កុំ​ឲ្យ​អ្នក​មាន​បញ្ហា​កក​ស្ទះ​ឈាម​ ដែល​នាំ​ឲ្យ​រមួល​ក្រពើ​ ស្ពឹក​ និង​ឈឺ​រមាស់។


៦.​គ្រាប់​ធញ្ញ​ជាតិ​ចម្រុះ​គ្នាៈ​ វេជ្ជ​បណ្ឌិត​​អង់គ្លេស​ជាច្រើន​ និង​Dr.Susan Lark​បាន​អះអាង​ថា​ ការ​ពិសា​គ្រាប់​ធញ្ញ​ជាតិ​ចម្រុះ​កិន​​បញ្ចូល​គ្នា​ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ម៉ាញ៉េស្យូម​ វីតាមីន​ B-complex ​វីតាមីន​E ​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចុក​សាច់​ដុំ ​ភាព​មួហ្មង​ក្នុង​ចិត្ត​ និង​ការ​អស់​កម្លាំង​ល្ហិតល្ហៃ។​

៧.​ទឹក​ដោះ​គោ​ជូរៈ​ ទឹក​ដោះ​គោ​ជូរ​ផ្ទុក​ទៅ​ដោយ​បាក់តេរី​រស់​ដែល​ជួយ​ឲ្យ​ការ​រំលាយ​អាហារ​បាន​ល្អ​ ហើយ​វា​ក៏​ជា​ប្រភព​នៃ​កាល់​ស្យូម​ជួយ​សម្រួល​ដល់​ការ​មក​រដូវ​ផង​ដែរ​ នេះ​បើ​តាម​ James G. Penland, Ph.D ​បាន​បញ្ជាក់៕​


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។