អារម្មណ៍​ស្រស់​ស្រាយ​ល្អ​រមែង​ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល​ផ្លូវ​ចិត្ត​ និង​កាយ​ ហើយ​គិត​គូរ​ធ្វើ​អ្វីៗ​ក៏​លឿន​រហ័ស​បាន​ល្អ​និង​ការងារ​មាន​ប្រសិទ្ធិភាព។​ ទូទៅ​យើង​តែងតែ​ទទួល​អារម្មណ៍​អាប់​អួរ​ ព្រោះ​ការងារ​មមាយ​ញឹក ​ភាព​នឿយ​ហត់​អស់​កម្លាំង​ ឬ​បណ្តាល​មក​ពី​បរិយាកាស​ការងារ​មិន​ល្អ​ជាដើម។​

មាន​វិធី​ខុស​ៗ​គ្នា​ជាច្រើន​ដើម្បី​លំហែ​អារម្មណ៍​ឲ្យ​ស្រស់​ថ្លា​ ប៉ុន្តែ​នៅ​ទីនេះ​ សូម​លោក​អ្នក​សាកល្បង​អនុវត្ត​តាម​វិធី​៥​យ៉ាង​ដែល​ណែនាំ​ដោយ​គេហទំព័រ​ www.goodrelaxation.com​ ដូច​ខាង​ក្រោម៖​​

១.​សម្រាក​ចេញ​ទៅ​ក្រៅ​មួយ​ភ្លែតៈ​ ដើម្បី​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ស្រស់​ស្រាយ​ល្អ​ អ្នក​មិន​គួរ​នៅ​ក្នុង​បន្ទប់​ការងារ​ឬ​កន្លែង​ហប់​ជិត​គ្មាន​ខ្យល់​អាកាស​បរិសុទ្ធ​នោះ​ទេ។​ អ្នក​គួរតែ​ឈប់​សម្រាក​ពី​ការងារ​ ឬ​ការ​សិក្សា​បន្តិច​ ហើយ​ដើរ​ចេញ​ទៅ​យក​ខ្យល់​អាកាស​ល្អ​ខាង​ក្រៅ​បាន​ពី​៤ ​ទៅ​៥​នាទី​ ដើម្បី​ដក​ដង្ហើម​ឲ្យ​ស្រួល​ និង​សម្លឹង​​មើល​នេះ​នោះ។​​

២.​សម្លឹង​មើល​ពពកៈ​ ការ​សម្លឹង​មើល​ពពក​ក៏​ជា​វិធី​មួយ​ល្អ​ផង​ដែរ​ក្នុង​ការ​សម្រួល​អារម្មណ៍​ឲ្យ​ស្រស់​ថ្លា​បាន​មួយ​រំពេច​នៅ​ពេល​អ្នក​មាន​អារម្មណ៍​តានតឹង​តប់​ប្រមល់​ក្នុង​ចិត្ត។​ នៅ​ពេល​អ្នក​បាន​សម្លឹង​​មើល​ពពក​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​បណ្ដែត​អារម្មណ៍​នឹក​គិត​ដល់​រឿង​ល្អ​ៗ​ និង​បំភ្លេច​អស់​រឿង​សៅ​ហ្មង​ក្រៀម​ក្រំ​ ឬ​ការ​នឿយហត់​អស់​កម្លាំង​នានា​។​​

៣.​ដក​ដង្ហើម​មួយៗ​វែងៈ​ ការ​ដក​ដង្ហើម​មួយៗ​វែង​ៗ​ គឺជា​វិធី​ដ៏​ប្រសើរ​ដើម្បី​ជួយ​ញ៉ាំង​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា​បាន​ល្អ​បំបាត់​ការ​នឿយ​ហត់​ ឬ​ភាព​ធុញ​ថប់​ក្នុង​ចិត្ត​នានា​។​ ការ​ដក​ដង្ហើម​មួយៗ​វែង​ៗ​ ក៏​ជា​វិធី​គ្រប់គ្រង​ស្មារតី​អ្នក​ឲ្យ​ស្ងប់​នឹងន​ និង​ជួយ​បង្កើន​ថាមពល​ផ្លូវ​ចិត្ត​ ផ្លូវ​កាយ​យ៉ាង​មាន​ប្រសិទ្ធិភាព​ផង​ដែរ​ (ការ​ធ្វើ​សមាធិ)។​​

៤.​ធ្វើ​យោគៈ​(សមាធិ/​ចង្ក្រម)​ក្នុង​ការិយាល័យៈ​ វិធី​នេះ​ក៏​មាន​ផល​ល្អ​ប្រសើរ​ផង​ដែរ​ ដោយ​អ្នក​គ្រាន់តែ​ធ្វើ​កាយ​វិការ​បែប​ហាត់​កីឡា​ ដូចជា​ ពត់​ជើង​ដៃ ​លើក​ជើង​ដៃ ​អង្គុយ​ ឬ​ដើរ​ទៅ​មក​ដើម្បី​ប្រមូល​អារម្មណ៍។​ អ្នក​អាច​សាក​ល្បង​ធ្វើ​វា​ដើម្បី​រម្ងាប់​អារម្មណ៍​ សម្រួល​ចិត្ត​ កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន​ បង្កើន​ថាមពល​ និង​ការ​ចុក​ណែន​សាច់​ដុំ។​​

៥.​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ផ្សេងៈ​នេះ​គឺជា​វិធី​មួយ​ដ៏​សំខាន់​សម្រាប់​អ្នក​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​បន្ទប់​ស្ងាត់​តែ​ឯង​ ឬ​នៅ​ផ្ទះ​មិន​មាន​មិត្តភ័ក្ដិ​ ឬ​អ្នក​ណា​ម្នាក់​នៅ​ក្បែរ​ដើម្បី​ជជែក​គ្នា​លេង។​ អ្នក​មិន​គួរ​នៅ​ក្នុង​បន្ទប់​ការងារ​ ឬ​កន្លែង​ធ្វើ​ការ​ដាច់​តែ​ឯង​យូរ​ពេក​ទេ​ អ្នក​គួរតែ​ឆ្លៀត​ឱកាស​ចេញ​មក​និយាយ​លេង​ ឬ​ជជែក​ផ្លាស់​ប្តូរ​យោបល់​ល្អ​ៗ​ជាមួយ​គេ​ឯង​ខ្លះ​ៗ​ទៅ​ ព្រោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ រក្សា​មិត្តភាព​បាន​ល្អ​ និង​ទទួល​បាន​គំនិត​ល្អ​ថ្មីៗ​ថែម​ទៀត​ផង៕​


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។