ជំងឺ​ក្អក​ និង​ផ្ដាសាយ​ជា​ទូទៅ​ត្រូវ​បាន​ចម្លង​តាម​រយៈ​បាក់តេរី​ និង​ពពួក​វីរុស​ឆ្លង​ផ្សេងៗ​ទៀត​ ដែល​អ្នក​ដទៃ​ក្អក​ ឬ​កណ្ដាស់​ភាយ​តាម​ខ្យល់។​ មាន​វីរុស​ប្រមាណ​២០០​ប្រភេទ​ផ្សេងៗ​គ្នា​ ដែល​អ្នក​អាច​ឆ្លង​ជំងឺ​ក្អក​ផ្តាសាយ​បាន​​និង​ចំពោះ​មនុស្ស​ពេញ​វ័យ​អាច​មាន​ជំងឺ​ផ្តាសាយ​ពី​២​ទៅ​៥​ដង​ក្នុង​១​ឆ្នាំ​ ឯ​កុមារ​ពី​៥​ទៅ​១០​ដង​ក្នុង​១​ឆ្នាំ។​

ដើម្បី​ជៀស​វាង​បញ្ហា​ក្អក​ ផ្តាសាយ​ គ្រុន​ក្តៅ​ ឬ​ហៀរ​សម្បោរ​គេហ​ទំព័រ​ www.lifemojo.com ​បាន​ណែនាំ​នូវ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖​

១.​សម្អាត​ដៃ​ឲ្យ​ស្អាតៈ​ភាគ​ច្រើន​បំផុត​នៃ​ការ​ឆ្លង​វីរុស​ផ្តាសាយ​ហៀរ​សម្បោរ​ គឺ​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ ដូច្នេះ​ចូរ​សម្អាត​ដៃ​របស់​អ្នក​ដោយ​សាប៊ូ​ ឬ​សារ​ធាតុ​កម្ចាត់​បាក់តេរី​ និង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ឲ្យ​បាន​ស្អាត​ជានិច្ច។​

២.​ពិសា​ទឹក​ឲ្យ​ច្រើនៈ ​រាងកាយ​មនុស្ស​ត្រូវ​ការ​ជាតិ​ទឹក​គ្រប់​គ្រាន់​ដើម្បី​កម្ចាត់​កាក​សំណល់​ផ្សេងៗ​នៅ​ក្នុង​រាង​កាយ​ធ្វើ​ឲ្យ​សុខភាព​ល្អ។​ បើ​អ្នក​ផ្តាសាយ​ ឬ​ក្អក​ ចូរ​ពិសា​ទឹក​ក្រូច​ឆ្មារ​ ព្រោះ​វា​សម្បូរ​វីតាមីន​C​ជួយ​ពង្រឹង​ប្រព័ន្ធ​បន្ស៊ាំ​។​


៣.​ឈប់​ជក់​បារីៈ ​ការ​ជក់​បារី​ធ្វើ​ឲ្យ​អ្នក​រោល​ ឬ​រលាក​បំពង់​ក​ និង​បណ្តាល​ឲ្យ​មាន​អាការៈ​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ។​

៤.​ទុក​ក្រដាស​អនាម័យ​ក្បែរ​ខ្លួនៈ​ ចូរ​ទុក​ក្រដាស​អនាម័យ​នៅ​ក្បែរ​ខ្លួន​នៅ​ពេល​អ្នក​នៅ​ក្នុង​ទី​សាធារណៈ​ ឬ​នៅ​ជិត​អ្នក​ដទៃ​ដើម្បី​ងាយ​ជូត​សម្អាត​ ហើយ​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មាន​ជំងឺ​ផ្តាសាយ​ ព្រោះ​វា​ងាយ​ឆ្លង​ក្នុង​រយៈ​៣​ថ្ងៃ​ដំបូង។​

៥.​កម្តៅ​ខ្លួនៈ​ អ្នក​គួរ​កម្ដៅ​ខ្លួន​ក្នុង​សីតុណ្ហភាព​មួយ​ក្តៅ​(Sauna)​ ដែល​អាច​ធ្វើ​បាន​ដើម្បី​ទប់​ស្កាត់​វីរុស​ផ្តាសាយ។​

៦.​ពិសា​អាហារ​ហឹរៈ​ ចូរ​ព្យាយាម​ពិសា​អាហារ​ដែល​មាន​រស​ជាតិ​ហឹរ​ ដើម្បី​កាត់​បន្ថយ​ស្លេស្ម៍​ ឬ​ការ​ហៀរ​សម្បោរ។


៧.​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ៈ​ អ្នក​គួរ​សម្រាក​ឲ្យ​បាន​ត្រឹម​ត្រូវ​គ្រប់​គ្រាន់​ដើម្បី​កាត់​បន្ថយ​ស្ត្រេស​ ព្រោះ​ជំងឺ​ស្រ្តេស​ក៏​ជា​ប្រភព​នៃ​ជំងឺ​ផ្តាសាយ​ និង​ជំងឺ​ផ្សេងៗ​ទៀត​ដែរ។​ តាម​ធម្មតា​ អ្នក​គួរ​សម្រាក​ឲ្យ​បាន​ពី​៧​ទៅ​៨​ម៉ោង​ក្នុង​១​ថ្ងៃ។​

៨.​ពិសា​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវៈ​ ចូរ​ពិសា​អាហារ​ប្រភេទ​ស្លឹក​បន្លែ​បៃតង​ និង​ផ្លែ​ក្រូច​ផ្សេងៗ​ ដូចជា​ ក្រូច​ពោធិ៍​សាត់​និង​ក្រូច​ថ្លុង​ជាដើម​ឲ្យ​បាន​ច្រើន​ ព្រោះ​វា​សម្បូរ​វីតាមីន​ប្រឆាំង​នឹង​ការ​ចម្លង​មេរោគ​នានា​ និង​ពង្រឹង​ប្រព័ន្ធ​បន្ស៊ាំ​​នៃ​សព៌ាង្គកាយ។​ មាន​អាហារ​ខ្លះ​ទៀត​ ដូចជា​ ខ្ទឹម​បារាំង​ឆៅ​ជួយ​កម្ចាត់​ស្លេស្ម៍​ មើម​រមៀត​បំបាត់​ក្អក​ស្ងួត​បំពង់ក​ ផ្លែ​ទំពាំង​បាយ​ជូរ​លាយ​នឹង​ទឹក​ឃ្មុំ​បន្ធូរ​អាការៈ​ក្អក​ និង​ខ្ទឹម​ស​ល្អ​បំផុត​សម្រាប់​ការ​ព្យាបាល​ជំងឺ​ក្អក​ខ្លាំង។


៩.​ជៀស​វាង​ស្ករ​ និង​អាហារ​សល់ៈ ​ចូរ​ជៀស​វាង​ការ​ពិសា​ស្ករ​ច្រើន​ និង​ពិសា​តែ​អាហារ​ណា​ដែល​នៅ​ស្រស់ៗ​ល្អ។​

១០.​គេង​ឲ្យ​ស្កប់ៈ​ ការ​គេង​ឲ្យ​បាន​ស្កប់​ស្កល់​គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​បន្ស៊ាំ​បំពេញ​តួនាទី​បាន​ល្អ។​ នៅ​ពេល​ដែល​អ្នក​គេង​គ្រប់​គ្រាន់​វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​ថាមពល​រឹងមាំ​ប្រឆាំង​នឹង​ជំងឺ​ និង​ជួយ​ឲ្យ​ខួរ​ក្បាល​បាន​សម្រាក។​

១១.​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​ក្រអូបៈ ​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​មាន​ក្លិន​ក្រអូប​ (Aromatherapy)​ បង្ហប់​បំភាយ​កម្ដៅ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ក្រអូប​ស្រស់​ស្រាយ​ កាត់​បន្ថយ​ការ​ហៀរ​សម្បោរ​ និង​ការ​ក្តៅ​រោល។​

១២.​ហាត់​ប្រាណៈ ​ការ​ហាត់​ប្រាណ​ទៀង​ទាត់​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ​មាន​ថាមពល​រឹងមាំ ​ប្រាស​ចាក​ពី​ជំងឺ​ដង្កាត់​នានា​ ពង្រឹង​ប្រព័ន្ធ​បន្ស៊ាំ ​ជាពិសេស​គឺ​ជួយ​បញ្ចៀស​ពី​ជំងឺ​ផ្តាសាយ​បាន​៥០%​ទៀត​ផង៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។