គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ​មនុស្ស​សុទ្ធតែ​មាន​សារ​សំខាន់​ គ្រាន់តែ​វា​មាន​តួនាទី​ផ្សេង​គ្នា​តែ​ប៉ុណ្ណោះ។​ ចំពោះ​ធ្មេញ​វិញ​ក៏​មាន​សារ​សំខាន់​ណាស់​ដែរ​ ដោយ​សារ​វា​មាន​តួនាទី​ទំពា​បំបែក​អាហារ​ និង​បន្ថែម​សោភ័ណ​ទៅ​លើ​រូប​សម្រស់​នៃ​រាងកាយ​ទាំង​មូល​ ព្រម​ទាំង​ជួយ​ឲ្យ​ការ​និយាយ​បាន​ពីរោះ​ល្អ​ទៀត​ផង។​

ដោយ​ហេតុ​ថា​ធ្មេញ​សំខាន់​ដូច្នេះ​វា​គួរតែ​ត្រូវ​បាន​ថែទាំ​ឲ្យ​មាន​សុខភាព​ល្អ​ជានិច្ច។​ យោង​តាម​គេហ​ទំព័រ​សុខភាព​​www.maypalo.com ​បាន​ឲ្យ​ដំបូន្មាន​ថា​ដើម្បី​សុខភាព​ធ្មេញ​ល្អ​ គួរ​អនុវត្ត​ដូច​ខាង​ក្រោម៖


​ទី​១. ​ដុស​សម្អាត​ធ្មេញ​យ៉ាង​ហោច​ណាស់​ក្នុង​១​ថ្ងៃ​ឲ្យ​បាន​១​ដង។​ តាម​ធម្មតា​គួរ​ដុស​សម្អាត​ធ្មេញ​២​ដង​ក្នុង​១​ថ្ងៃ​តែ​បើ​អញ្ចាញ​ធ្មេញ​មាន​បញ្ហា​(sensitive gum)​គួរ​ដុស​សម្អាត​តែ​១​ដង​បាន​ ព្រោះ​បើ​ដុស​ញឹក​ញាប់​ពេក​​នឹង​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​កាន់តែ​ឈឺ។ ​គួរ​ដុស​ធ្មេញ​មុន​ចូល​គេង​ ជាពិសេស​គួរ​ខ្ពុល​ទឹក​ក្តៅ​ក្រោយ​ពេល​ញ៉ាំ​របស់​ផ្អែម។​

ទី​២.​ គួរ​ដុស​ធ្មេញ​ឲ្យ​គ្រប់​សព្វ​ (មុខ​ និង​កន្លុក​កន្លៀត)​ ឲ្យ​បាន​ស្អាត​បាត​ជានិច្ច​ ព្រោះ​កាក​សំណល់​មេរោគ​ផ្សេងៗ​អាច​នឹង​ជាប់​នៅ​នឹង​ធ្មេញ។​ យក​ល្អ​គួរ​ទៅ​ឲ្យ​ពេទ្យ​ធ្មេញ​សម្អាត​ និង​ណែនាំ​អំពី​វិធី​សម្អាត​ឲ្យ​បាន​ល្អ។​

ទី​៣.​ គួរ​ដុស​សម្អាត​ធ្មេញ​យ៉ាង​ហោច​ណាស់​ពី​២​ទៅ​៣​នាទី​ ដើម្បី​ឲ្យ​ស្អាត​សព្វ​គ្រប់​កន្លែង​កុំ​ឲ្យ​នៅ​សល់​មេរោគ។​

ទី​៤.​ គួរ​ជ្រើស​រើស​ច្រាស​ដុស​ធ្មេញ​ដែល​មាន​សរសៃ​ទន់​ល្អ​ដើម្បី​កុំ​ឲ្យ​ខូច​អញ្ចាញ​ធ្មេញ​ និង​ចូល​ទៅ​សម្អាត​មេរោគ​កាក​សំណល់​បាន​សព្វ​គ្រប់​ទីកន្លែង​ ជាពិសេស​គួរ​ផ្លាស់​ប្តូរ​ច្រាស​ដុស​ធ្មេញ​ក្នុង​រយៈ​ពេល​៣​ខែ​ម្តង​។​

ទី​៥.​ គួរ​ប្រើ​អំបិល​លាយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​ខ្ពុល​សម្អាត​ធ្មេញ​ឲ្យ​បាន​១នាទី​ជារៀង​រាល់​ថ្ងៃ​ ដើម្បី​ជួយ​កម្ចាត់​មេរោគ​កាក​សំណល់​ផ្សេងៗ​ និង​បំបាត់​ក្លិន​មិន​ល្អ​ក្នុង​មាត់។​

ទី​៦. ​គួរ​កោស​សម្អាត​ធ្មេញ​(ខ្សែ​សម្រាប់​ធ្មេញ)​ ដើម្បី​កម្ចាត់​នូវ​រាល់​កាក​សំណល់​មេរោគ​ផ្សេងៗ​ដែល​សរសៃ​ច្រាស​មិន​អាច​ចូល​ទៅ​សម្អាត​ដល់។​

ទី​៧. ​ចូរ​ជៀស​វាង​ការ​ប្រើ​ប្រាស់​ទឹក​ត្រជាក់​ដើម្បី​ខ្ពុល​សម្អាត​មាត់​ក្រោយ​ពេល​ពិសា​អាហារ​ក្តៅ​ ព្រោះ​វា​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​រង្គើ​ឈឺ ​និង​ខ្សោយ។​

ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ គឺជា​រឿង​ចាំបាច់​បំផុត​ ដូច្នេះ​លោក​អ្នក​គួរ​អនុវត្ត​តាម​ដំបូន្មាន​ណែនាំ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។​ គួរ​ខ្ពុល​លាង​មាត់​នឹង​ទឹក​ក្តៅ​ក្រោយ​ពេល​ញ៉ាំ​របស់​ផ្អែម​ដើម្បី​សម្អាត​ជាតិ​ស្ករ​ កម្ចាត់​បាក់តេរី​ និង​ដុស​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច​ ជាពិសេស​មុន​ចូល​គេង៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។