ភ្នំពេញ៖ ​កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់​ មក​ពី​ខេត្ត​តាកែវ ​ត្រូវ​បាន​វិទ្យាស្ថាន​ប៉ាស្ទ័រ ​បញ្ជាក់​ថា​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន ​ផ្ដាសាយ​បក្សី​H5N1​ នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្រោយ​ពី​មាន​អាការៈ ​គ្រុន​ក្តៅ ​ក្អក ​និង​ហត់​ បណ្ដាល​ឲ្យ​ករណី​គ្រុន​ ផ្តា​សាយ​បក្សី​កើន​ឡើង​ចំនួន​៦​ករណី​ក្នុង​រយៈ​ពេល​ត្រឹម​ដើម​ឆ្នាំ​២០១៣​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ រវាង​ក្រសួង​សុខាភិបាល ​និង​អង្គការសុខភាព​ពិភព​លោក​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ​៨​កុម្ភៈ​ឆ្នាំ​២០១៣​ថា​ករណី​ទី​៦​គិត​ត្រឹម​ដើម​ឆ្នាំ​២០១៣​នេះ ​បាន​កើត​លើ​កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់​ ដែល​ទី​លំនៅ​ក្នុង​ ភូមិ​អាង​ក្រសាំង ​ឃុំ​ព្រៃលា្វ ​ស្រុក​ព្រៃកប្បាស ​ខេត្ត​តាកែវ​ ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​នៅ​ថ្ងៃ​ទី​៧ ​ខែ​កុម្ភៈ​ឆ្នាំ​២០១៣ ​ថា​មាន​វត្តមាន​វិជ្ជមាន​ជំងឺ​ផ្តាសាយ​បក្សី​ H5N1​។​

កុមារី​នេះ​ចាប់​ផ្តើម​ឈឺ​នៅ​ថ្ងៃ​ទី​២៥​ខែ​មករា​ដោយ​មាន​រោគ​សញ្ញា ​គ្រុន​ក្តៅ ​ក្អក ​និង​ក្អួត​។ ​កុមារី​បាន​ទទួល​ការ​ព្យាបាល ​ដំបូង​នៅ​ពេទ្យ​ឯកជន​ ប៉ុន្តែ​គ្មាន​ប្រសិទ្ឋ​ភាព​បន្ទាប់​មក​ត្រូវ​បាន​ដាក់​ឲ្យ​សំរាក​នៅ​មន្ទីរពេទ្យ ​គន្ឋបុប្ផា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣១​ខែ​មករា​ដោយ​មាន​អការៈ​គ្រុន ​ក្អក ​និង​ហត់​។

សូម​ជម្រាប​ថា ​កុមារី​នេះ​ជា​ករណី​ទី​២៧​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ និង​មនុស្ស​ទី​៦​ក្នុង​ឆ្នាំ​នេះ​និង​ជា​ករណី​ទី​២៤​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​។ ១៨​ករណី​ក្នុង​ចំណោម​ករណី​ផ្តាសាយ​បក្សី​ទាំង​២៧​ដែល​កើត​មាន​ឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ ​និង​១៨​ករណី​ក្នុង ​ចំណោម​ករណី​ផ្ដាសាយ​បក្សី​ទាំង​២៧​ជា​នារី​។

ចំពោះ​ស្ថានភាព​ពិភពលោក​វិញ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ ​មាន​ករណី​ផ្ដាសាយ​បក្សី​សរុប​ទាំង​អស់​៦១៦​ ដែល​បាន​ បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​និង​ក្នុង​នោះ​មាន​៣៦៥​នាក់​បាន​ស្លាប់​៕
ផ្ដល់​សិទ្ធិដោយ៖ដើម​អម្ពិល​


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។