កម្ពុជា​បាន​អះ​អាង​ថា នៅ​ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ កង​ទាហាន​ថៃ​បាន​បាញ់​សម្លាប់​ពល​រដ្ឋ​ខ្មែរ​៤៥​នាក់​ដែល​បាន​ឆ្លង​ដែន​ទៅ​ កាប់​ឈើ​ប្រណីត​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ថៃ។

របាយការណ៍​របស់​រដ្ឋាភិបាល​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ ក៏​មាន​ពល​រដ្ឋ​ខ្មែរ​២៦៤​នាក់​ទៀត​ដែរ​ត្រូវ​ជាប់​គុក។ នៅ​ក្នុង​ឆ្នាំ​២០១១ កង​ទាហាន​ថៃ​បាន​បាញ់​ពល​រដ្ឋ​ខ្មែរ​១៥នាក់​ស្លាប់ ហើយ​ចំណែក​ឯ​នៅ​ឆ្នាំ​២០១០​វិញ គឺ​៩នាក់​បាន​ស្លាប់។ នៅ​ក្នុង​ឆ្នាំ​២០០៩ មាន​៨នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់។

លោក ផៃ ស៊ីផាន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋមន្រ្ដី​កម្ពុជា​បាន​ប្រាប់​កាសែត​ក្យូដូ​ថា អាជ្ញាធរ​ថៃ​គួរ​តែ​ដោះ​ស្រាយ​បញ្ហា​អ្នក​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ប្រណីត​ខុស​ច្បាប់​ ឬ​ក៏​អ្នក​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ ជា​ជាង​ប្រើ​កាំភ្លើង។

លោក​ចង់​ឲ្យ​មាន​ការ​បង្កើត​យន្ដ​ការ​មួយ​ទូទាំង​ពិភព​លោក​ ដើម្បី​បញ្ឈប់​សកម្មភាព​ទិញ​លក់​ឈើ​ប្រណីត​។ លោក​បាន​ឲ្យ​ដឹង​ថា ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​នោះ ត្រូវ​ពួក​ពាណិជ្ជករ​ថៃ​ជួល​ឲ្យ​ទៅ​លី​សែង​ឈើ​ប្រណីត​ទាំង​នោះ​ដែល​គេ​កាប់​រួច​ហើយ​ ដើម្បី​នាំ​ចេញ​ពី​ទឹក​ដី​ថៃ​ចូល​មក​កម្ពុជា។

នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ឈើ​ខ្លឹម​បាន​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។ កាល​ពី​ថ្ងៃ​សុក្រ​មុន​នេះ លោក​ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី​ខ្មែរ​បាន​ចេញ​បម្រាម​មួយ​មិន​ឲ្យ​មាន​ការ​កាប់ និង​លក់​ឈើ​ខ្លឹម​ទូទាំង​ប្រទេស​កម្ពុជា៕
អត្ថបទ៖ABC


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។