ភ្នំពេញៈ រដ្ឋាភិបាល​បារាំង តាម​រយៈ​ទីភ្នាក់​ងារ​បារាំង​សម្រាប់ការ​អភិវឌ្ឍន៍ ( AFD) នៅ​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ​២០១៣ បាន​ចុះកិច្ច​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ភាគី​កម្ពុជា ក្នុង​ការផ្តល់​ជំនួយ​នូវ​ទឹក​ប្រាក់ ប្រមាណ ៤៤,២​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។

ពិធីចុះ​អនុស្សរណៈ​យោគយល់​គ្នាត្រូវ​បាន​ធ្វើឡើង​នៅទីស្តី​ការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០១៣។ ការចុះកិច្ចព្រម​ព្រៀង​រវាង​ភាគី​កម្ពុជា និង​បារាំង មាន​៣ រួម​មាន ទី១- អនុស្ស​រណៈ​នៃការយោគ​យល់​គ្នា​ស្តី​ពីលក្ខ​ខណ្ឌ​នៃ​ឥណទាន​សម្បទាន​បារាំង​សម្រាប់​កម្ពុជា។ ទី២ កិច្ចព្រម​ព្រៀង​ហិរញ្ញទាន​ឥត​សំណង​សម្រាប់​គម្រោង​គាំទ្រ​តួអង្គ​ក្នុង​គោល​នយោបាយ​វិស័យ​ស្តីពី​ការគ្រប់​គ្រង​ធនធាន​ទឹក  និង​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្ត្រ។ និងទី៣ កិច្ច​ព្រម​ព្រៀង​ឥណទាន​គ្មាន ការ​ធានា​ពីរាជរដ្ឋាភិបាល​សម្រាប់ គម្រោង​សាង​សង់​រោង​ចក្រ​ប្រព្រឹត្ត​កម្មទឹក​ស្អាត​និរោធ ជំហាន​ទី២។

លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច គាត ឈន់ បានថ្លែង​នៅក្នុង​ពិធីចុះ​ហត្ថលេខា​ថា «តាម​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នាស្តីពី​លក្ខ​ខណ្ឌ​នៃឥណទាន​សម្បទាន​បារាំង​សម្រាប់​កម្ពុជា ដែល​ចុះ​ហត្ថ​លេខា​នៅថ្ងៃ​នេះ ប្រទេស​បារាំង​និង​កម្ពុជា បានបោះ​ជំហានថ្មី​មួយ​ទៀត​នៃកិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី ពោល​គឺ ភាគីមិត្ត​បារាំង​នឹងផ្តល់​ឥណទាន​សម្បទាន ដល់​កម្ពុជា​ដែលពី​មុន​មក​ពុំធ្លាប់​មាន។ ដូចដែល​យើង​បានដឹង​ហើយ​ថា ចាប់តាំង​ពីឆ្នាំ១៩៩៣ មក​ប្រទេស​បារាំង​តែង​តែ​ឈរ​ពីក្រោយ​កម្ពុជា តាមរយៈ​ការផ្តល់​នូវ​ហិរញ្ញ​ប្បទាន​ឥត​សំណង​ក្នុង​ការ​ចូល​រួម​ស្តារ ឡើង​វិញនូវ​ការ​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​យើង»។

លោក គាត ឈន់ បន្ត​ថា «បន្ថែមលើ​អនុស្ស​រណៈនៃ​ការយោគ​យល់​គ្នា​នេះ យើង​បាន​ចុះ​ហត្ថ​លេខា លើកិច្ច​ព្រមព្រៀង​ចំនួន​២ទៀត ដែល​តាម​រយៈ​នេះ សាធារណៈ​រដ្ឋ​បារាំង នឹង​ផ្តល់​ហិរញ្ញ​ប្បទាន​សរុប​ចំនួន ៣៤​លាន​អឺរ៉ូ ដែលស្មើ​ប្រមាណ ៤៤,២​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញ​ប្បទាន​ឥត​សំណង ចំនួន​៤លានអឺរ៉ូ សម្រាប់​គាំទ្រតួ​អង្គក្នុង​គោល​នយោបាយ វិស័យ​ស្តីពីការ​គ្រប់គ្រង់​ធន​ធាន​ទឹក និង​ការ​វិនិយោគ​លើហេដ្ឋា​រចនា​សម្ព័ន្ធ ធារា​សាស្ត្រ និង​ឥណទាន​គ្មានការ​ធានា​ពីរដ្ឋ ចំនួន ៣០​លាន​អឺរ៉ូសម្រាប់​គម្រោង​សាងសង់​រោង​ចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​និរោធ​ជំហាន​ទី២ របស់​រដ្ឋាករ​ទឹក​ស្វ័យ​តក្រុង​ភ្នំពេញ»។

ឯអគ្គរដ្ឋទូត​បារាំង ប្រចាំនៅ​កម្ពុជា​ដែល​ទើប​តែង​តាំងថ្មី លោក Serge MOSTURA  បានថ្លែង​ឲ្យដឹង​ថា ការចុះ​កិច្ចព្រម​ពៀង​នាពេល​នេះ​គឺបង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​របស់​បារាំង​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​កម្ពុជា។

គូរ​បញ្ជាក់​ផងដែរ​ថា ចាប់តាំង​ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ ទីភ្នាក់ងារ​បារាំង​ដើម្បី​អភិវឌ្ឍន៍​បាន​សន្យា​ផ្តល់ហិរញ្ញ​ប្បទាន​ឥត​សំណង និង​ឥណទាន​គ្មាន​ការ​ធានា​ពីរដ្ឋ​សម្រាប់​អនុវត្តន៍ គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ប្រមាណជិត​២៧០​លាន​អឺរ៉ូ៕ ដើមអម្ពិល


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។