អង្គការ​ខាណា​នៅព្រឹក​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ២០១៣​នេះ បាន​រៀបចំ​សិក្ខា​សាលា​មួយ​បង្ហាញ​ពី​យុទ្ឋ សាស្រ្ត​ទប់​ស្កាត់​នៃការ​ឆ្លង​រីក​រាល​ដាល​មេរោគ​អេដស៏ ដោយ​បាន​ការ​ចូល​រួម​ជា​អធិប​តី​ភាព ពី​លោក វេជ្ជ​បណ្ឌិត តែង គន្ឋី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ឋ​នឹង​ជំងឺ​អេដស៏​។

លោក អ៊ុំ សុភាព នាយក​ប្រតិត្តិ​អង្គការ​ខា​ណា បាន​មាន​ប្រសាសន៏​ក្នុង​ពិធី​បើក​សិក្ខា​សាលា នា​ពេល​នោះ​ថា ប្រទេស​កម្ពុ​ជា​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បញ្ឈប់​ការ​ឆ្លង​មេរោគ​អេដស៏ អោយ​បាន ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ​នេះ ដោយ​អនុវត្ត​លើ​យុទ្ឋសាស្រ្ត​សូន្យ​បី(០៣) ទី១.គ្មាន​ការ​ឆ្លង​មេ​រោគ​អេដស៏​ថ្មី ទី២.​គ្មាន​ការ​ស្លាប់​ដោយ​សារ​មេរោគ​អេដស៏ និង​ទី​៣.គ្មាន​ការ​រើស​អើង​ចំពោះ​អ្នក​ផ្ទុក មេរោគ​អេដស៏​។

ដើម្បី​សម្រេច​គោល​បំណង​នេះ​បាន គឺ​ត្រូវ​ផ្តោត​ទៅលើ​គោល​ដៅធំៗ​ចំនួន​៣ គឺ​ក្រុម​ប្រើ​ប្រាស់ គ្រឿង​ញៀន​ប្រើ​ម្ជុរ​ស៊ឺរ៉ាង​ចាក់​តៗ​គ្នា ដែល​មាន​អត្រា​ផ្ទុក​មេរោគ​អេដស៏​ខ្ពស់ ស្មើ​នឹង​២៥ភាគ​រយ។ ទី២.​គឺក្រុម​បុរស​ស្រាលាញ់​បុរស ឬហៅ​កាត់​ថា​អឹម​អេស​អឹម (MSM) ដោយ​សារ​ក្រុម​នេះ មាន​ការ​រួម​ភេទ​តាម​រន្ឋ​គូថ ឬរួម​ភេទ​មាន​លក្ខណៈ​ជា​ក្រុម​ជា​ដើម មាន​អត្រា​​ឆ្លង​២.១% និង​ក្រុម​អ្នក​​ធ្វើការ​នៅ​កន្លែង​សេវា​កំសាន្ត​នានា​មាន​អត្រា​ឆ្លង​១៣,៩% ខណៈ​ប្រជា​ពល​រដ្ឋ​ទូទៅ​មាន​អត្រា​ឆ្ល​ង​ត្រឹម ០,៦​ភាគ​រយ​ប៉ុណ្ណោះ​នៅ​ត្រឹម​ឆ្នាំ​២០១៣​នេះ។


បុរសស្រលាញ់បុរសដូចគ្នា

លោក​វេជ្ជ​បណ្ឌិត អ៊ុំ សុភាព បន្តថា​ដើម្បី​អោយ​ក្រុម​ទាំង​នោះ​ ចូល​រួម​ទទួល​សេវា​កម្ម​ការ​ពារ​ជំងឺ​អេដស៏​បាន​លុះ​ត្រា មជ្ឈ​មណ្ឌល​សុខ​ភាព និង​កន្លែង​ផ្តល់​សេវា​ព្យាបាល​ផ្សេងៗ​ទៀត​ត្រូវ​មាន​សេវា​ល្អ បុគ្គលិក​រួស​រាយ​រាក់​ទាក់ មិន​ត្រូវ​មាន​ការ​រើស​អើង នឹង​មិន​ត្រូវ​បង្ហាញ​សកម្ម ភាព​មក​ងាយ​មក​លើ​អ្នក​ផ្ទុក​មេរោគ​អេដស៏​ជាដើម។ ចំណែក​ក្រុម​គោល​ដៅធំៗ​ទាំង​៣ខាង​លើ​ត្រូវ​មាន​វិធាន​ការ​ទប់​ស្កាត់ និង​វិធានការ​ស្វែង​រក​បន្ថែម​ទៀត​ផ្តល់​សេវា​ការពារ​និង​ព្យា​បាល។

ឯក​ឧត្តម​វេជ្ជ​បណ្ឌិត តែង គន្ឋី ដែល​បាន​ចូល​រួម​ជា​អធិបតី​ភាព ក្នុង​អង្គ​សិក្ខា​សាលា​ព្រឹក​នេះ​បាន​មាន​ប្រសាសន៏​ថា ការ​ដក​រនាំង​រើស​អើង​និង​ការ​មក​ងាយ​នេះ គឺ​ជាចំណុច​សំខាន់​បំ​ផុត​ក្នុង​ការ​ជួយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៏​។ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​មក​ទល់​ពេល​នេះ ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ នៅ​មាន​អ្នក​សេស​សល់​មិន​ទាន់​ដឹង ថា​ខ្លួន​មាន​ឆ្លង​មេរោគ​អេដស៏​មាន​ចំនួន​ប្រហែល​១ម៉ឺន​នាក់​នៅទូទាំង​ប្រទេស​កម្ពុជា។


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។