ពាក្យ​ពោធិ៍ចិនតុង កើត​ចេញ​មក​ពី​ពាក្យ​ដើម​ដែល​និយាយ​ថា ដើម​ពោធិ៍​របស់​តាតុង។ កាលពី​ប្រមាណ​ជា​ជាង ២០០​ឆ្នាំ​មុន មាន​គ្រួសារ​មួយ​ដែល​មាន​ប្តី​ប្រពន្ធ​២​នាក់។ ប្តី​ឈ្មោះ​ថា ចិន​តុង (ចិន ឈ្មោះ​តុង) ឯភរិយា​ឈ្មោះ​យាន​នន់។ តាយាយ​ទាំង​ពីរ​នាក់​រស់​នៅ​ក្នុង​ភូមិ​ឈ្មោះ ខ្លា​គ្រហឹម ឃុំ​ក្រពុំឈូក ស្រុក​កោះអណ្តែត ខេត្តតាកែវ។ គាត់​ប្រកប​របរ​ស្រែ​ចំការ​ផង លក់​ដូរ​ផង។

តាតុង និង​យាយ​នន់​ មាន​កូន​ភ្លោះពីរ​នាក់។ ម្នាក់​ឈ្មោះ ចិនជី ឬគង់​ជី ម្នាក់​ទៀត​ឈ្មោះ​ចិន​ជីវ ឬ​គង់​ជីវ។ អ្នក​ទាំង​បួន គឺ​តាតុង យាយ​នន់ ចិន​ជី និង​ចិន​ជីវ ធ្វើ​ដំណើរ​តាម​រទេះ​គោ​មក​ភ្នំពេញ។ ដោយ​ប្រើ​រយៈ​ពេល​ជា​កន្លះ​ខែទើប​ដល់។ នៅលើ​រទេះ​គោ ផ្ទុក​ដោយ​ប្រដាប់​ប្រដា​ហូប​ចុក​គ្រប់​គ្រាន់។ពេល​មក​ដល់​កន្លែង​មួយ​ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ថា «ពោធិ៍ចិនតុង» (កាល​នោះ​ពុំទាន់​មាន​ដើម​ពោធិ៍ទេ) ពួក​គាត់​ក៏នាំ​គ្នា​សំរាក​ដើម្បី​ស្រស់​ស្រូប​អាហារ។
ក្រោយ​មក​តាតុង​បាន​យក​ដើម​ពោធិ៍​មួយ​ដើម​មក​ដាំ​កន្លែង​ដែល​ធ្លាប់​ឈប់​សំរាក​នោះ​ ទុក​គ្រាន់​បាន​ជា​ម្លប់​សំរាប់​ការ​សំរាក​ផង និង​សំរាប់​អ្នក​ដំណើរ​ឯទៀតៗ​បាន​ម្លប់​ជ្រក​សំរាក​ផង។ ដើម​ពោធិ៍​តាតុង ដាំ​នោះ (សព្វ​ថ្ងៃ​ឆ្នាំ​២០០០) គេនឹង​ឃើញ​មាន​វត្តមាន​នៅ​ឡើយ គេ​នឹង​ឃើញ​ដើម​ពោធិ៍​នោះ​នៅ​ចំពី​មុខ​ផ្សារ Plaza ខាង​លិច​ផ្សារ​ពោធិ៍​ចិន​តុង។
សំគាល់៖ ចិន​តុង ៖ តា​នោះ​ជាតិ​ចិន​ឈ្មោះ តុង (ចិនតុង = ចឹក​តុង) រីឯ​ចិន = កូនចៅចិន។

សរុប​សេចក្តី​មក​ពាក្យ «ពោធិ៍ចិនតុង» គឺមាន​ប្រភព​មក​ពី​មាន​ចឹក​តុង គាត់​បាន​ដាំ​ដើម​ពោធិ៍​មួយ​ដើម​ទុក​ជា​គុណ​ប្រយោជន៍​សំរាប់​អ្នក​ស្រុក​ធ្វើ​ដំណើរ​ទៅ​មក។ ប្រភព​ពី cambodiapiece


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។